ថ្ងៃអង្គារ ១០រោច ខែបុស្ស ឆ្នាំម្សាញ់ សប្តស័ក ពុទ្ធសករាជ ២៥៦៩ គណៈកម្មការសាលារៀន អន្តរទ្វីប អាមេរិកាំង សាខាផ្សារថ្មី សហការជាមួយ អាជ្ញាធរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀន បានរៀបចំ សិក្ខាសាលាស្តីពី ផលប៉ះពាល់នៃការប្រើប្រាស់គ្រឿងញៀន និងបារីអេឡិចត្រូនិក ដោយមានការចូលរួមពី អ្នកស្រី ឥន សូហ្វីយ៉ា នាយិកាហាងហ្វាង សាលារៀនអន្តរទ្វីប អាមេកាំង សាខាផ្សារថ្មី និងលោកឧត្តមសេនីយ៏ឯក លឹម តុងហួត តំណាងអគ្គនាលេខាដ្ឋានអាជ្ញាធរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀន លោកគ្រូ អ្នកគ្រូ សិស្សានុសិស្ស ថ្នាក់ទី៧ ដល់១១។
គោលបំណងនៃសិក្ខាសាលានេះដើម្បីឱ្យសិស្សានុសិស្ស បានយល់ដឹងនិងយកចិត្តទុកដាក់ចំពោះហានិភ័យនៃសារធាតុញៀន និងបារីអេឡិចត្រូនិក ដែលកំពុងក្លាយជាបញ្ហាសង្គមគួរឱ្យព្រួយបារម្ភ។
ក្នុងសិក្ខាសាលានេះ វាគ្មិនបានបង្ហាញពីប្រភេទគ្រឿងញៀននានា មូលហេតុនៃការចាប់ផ្តើមប្រើប្រាស់ និងផលប៉ះពាល់ធ្ងន់ធ្ងរទាំងផ្នែកសុខភាព រាងកាយ ផ្លូវចិត្ត សង្គម និងអនាគតរបស់យុវជន។ ជាពិសេស បានលើកឡើងពី បារីអេឡិចត្រូនិក ដែលទោះបីជាមានការយល់ច្រឡំថាមានគ្រោះថ្នាក់តិចជាងបារីធម្មតា ក៏ដោយ តែជាក់ស្តែង វាមានសារធាតុគីមីបង្កគ្រោះថ្នាក់ ដូចជា និកូទីន ដែលអាចបណ្តាលឱ្យញៀន ប៉ះពាល់ដល់សួត បេះដូង និងប្រព័ន្ធប្រសាទ។
លើសពីនេះ វាគ្មិនក៏បានចែករំលែកអំពីផលវិបាករយៈពេលវែង ដូចជា ការបាត់បង់សមត្ថភាពសិក្សា ការបែកបាក់គ្រួសារ បញ្ហាអំពើហិង្សា និងការប្រឈមមុខនឹងច្បាប់។ សិក្ខាសាលាក៏បានផ្តោតលើវិធានការការពារ និងការទប់ស្កាត់ ដោយលើកទឹកចិត្តឱ្យសិស្សានុសិស្សមានជំនាញ “និយាយថា ទេ” ចំពោះគ្រឿងញៀន និងបារីអេឡិចត្រូនិក ព្រមទាំងជ្រើសរើសរបៀបរស់នៅមានសុខភាពល្អ និងរាយការណតាមរយៈ App No Drug រាល់ពេលឃើញមានការប្រើប្រាស់ជួញដូរគ្រឿងញៀនគ្រប់ប្រភេទ។
នៅចុងបញ្ចប់នៃសិក្ខាសាលានេះត្រូវបានវាយតម្លៃថា ជាកម្មវិធីមានអត្ថប្រយោជន៍ខ្ពស់ ដែលបានរួមចំណែកយ៉ាងសំខាន់ក្នុងការបណ្តុះស្មារតី ការយល់ដឹង និងការទទួលខុសត្រូវរបស់សិស្សានុសិស្ស ក្នុងការចូលរួមការពារខ្លួនឯង គ្រួសារ និងសង្គម ឱ្យឆ្ងាយគ្រឿងញៀន និងបារីអេឡិចត្រូនិក។
